កណ្តាល៖ តំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យរៀបចំអភិវឌ្ឍន៍សួនច្បារសាធារណៈលំហបៃតង សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ហាត់ប្រាណ និង ទេសចរ។បច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានសិក្សាពីក្រសួងរៀបចំដែនដី និង រដ្ឋបាលខេត្តកណ្តាល។
យោងតាមគម្រោងផែនការអភិវឌ្ឍ អាជ្ញាធរខេត្ត និង ក្រសួង កំពុងសិក្សាគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ ជាពិសេស តំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ហាត់ប្រាណ និងទេសចរ។ ការសិក្សាគម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។
គួរបញ្ជាក់ថា ខេត្តកណ្តាល ជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់ តាមរយៈការទាក់ទាញភ្ញៀវទេសចរ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និង បង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ។ ជាពិសេស បង្កើតឱ្យមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះ។
បច្ចុប្បន្នទាំង អភិបាលខេត្តកណ្ដាល រួមជាមួយភាគីពាក់ព័ន្ធបានដាក់ទិសដៅ ក្នុងការសិក្សាកំណត់ទីតាំង ធ្វើយ៉ាងណាឱ្យគម្រោងនេះ ទទួលបានលទ្ធផលល្អ ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់៕