កណ្តាល៖ រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស្វីហ្វិក លោកស្រី Catherine West MP និង គណៈប្រតិភូស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជានៅថ្ងៃទី ២២ មេសានេះ ទស្សនកិច្ច អាកាសយានដ្ឋានអន្តរជាតិតេជោ។ ជាទស្សនកិច្ច ក្នុងន័យបង្ហាញពីភាពជាដៃគូដ៏ទំនើបរបស់ចក្រភពអង់គ្លេស-កម្ពុជា ប្រកបដោយភាពច្នៃប្រឌិត និង បៃតង ហើយលោកស្រីយល់ថា «អាកាសយានដ្ឋានអន្តរជាតិតេជោ»នឹងនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាស្ថាបត្យកម្មចក្រភពអង់គ្លេស ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ចំពោះការរចនាព្រលានយន្តហោះបៃតង។អាកាសយានដ្ឋាននេះ រចនាដោយក្រុមហ៊ុនអង់គ្លេស Foster+Partners ។
យោងតាមស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកស្រី Catherine នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាពនៃភាពជាដៃគូដ៏ទំនើបរបស់ចក្រភពអង់គ្លេស-កម្ពុជា ហើយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិត និង បៃតង សាកសមសម្រាប់អនាគតរបស់កម្ពុជា ដែលរចនាឡើងដោយធុរកិច្ចអង់គ្លេស ជាសមិទ្ធផលដែលមិននឹកស្មានដល់។
ស្ថានទូតអង់គ្លេស និងក្រុមហ៊ុនរចនា បានបង្ហាញពីមោទកភាពក្នុងការចូលរួមរចនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង ដោយបូកបញ្ជូលដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយនិងសប្បកម្មក្នុងប្រទេសកម្ពុជា។សម្រាប់ប្រទេសអង់គ្លេស ចាត់ទុកព្រលានថ្មីនេះ គឺជាច្រកផ្លូវថ្មីមួយទៅកាន់ទីក្រុងភ្នំពេញរបស់កម្ពុជា នឹងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើកឆាកអន្តរជាតិប្រកបដោយស្តង់ដារថ្មី សម្រាប់ថ្ងៃអនាគត។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២១ មេសាម្សិលមិញ បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងរៀបចំសម្ពោធក្នុងដំណាក់កាលទី១ នៅក្នុងខែកក្កដាខាងមុខនេះ។សម្រាប់សម្តេច បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺបង្ហាញពីតុល្យភាពនៃទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសនានាលើសកលលោក មិនថាតែ ប្រទេសចិន ឬប្រទេសនៅអឺរុបនោះទេ៕