
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ជាប្រធាន ក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៏ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific - ADFIAP) នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ADFIAP លើកទី៩៨ និងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបូស្អាត ប្រទេសអូម៉ង់ ពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥។
ក្នុងដំណើរការដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ លោកបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងមានគោលបំណងផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឈន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលកំពុងកើតមានជុំវិញហិរញ្ញប្បទានប្រកបដោយចីរភាព និងការចែករំលែកនូវឧត្តមានុវត្តនានាសម្រាប់សមាជិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព។
កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៨ នេះ នឹងធ្វើឡើងក្រោមមូលបទ “យុទ្ធសាស្ត្រជំរុញកំណើនខាងក្នុងនៃសហគ្រាស និងឥទ្ធិពលទៅលើការអភិវឌ្ឍ - Economic Gardening and Development Impact” ហើយគ្រោងនឹងពិភាក្សាទៅលើរបៀបវារៈចម្បងមួយចំនួន ដូចជា៖
ទី១. ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគមន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ទី២. ការពិភាក្សាអំពីតួនាទីនៃធុរកិច្ចដំណាក់កាលទី២(ដំណាក់កាលកំណើន និងពង្រីកវិសាលភាពប្រតិបត្តិការ) ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព
ទី៣. ការជំរុញហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ និងភាពធន់
ទី៤. ការជំរុញហិរញ្ញប្បទានបៃតង និងចីរភាព
ទី៥. ការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងសកល៕
