
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងគោលដៅកំណត់អំពីការគ្រប់គ្រងនិងកិច្ចដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការស្នើសុំនិងការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាតវិញ្ញាបនបត្រ និងការអនុញ្ញាតផ្សេងៗទៀត សម្រាប់ការនាំចេញ នាំចូល ឬទំនិញឆ្លងកាត់នានាដូចជា៖ ទំនិញហាមឃាត់ និងជាប់កម្រិតកំណត់, ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុញ្ញាតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុញ្ញាតអនុសញ្ញាឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត, ផលិតផលតេលសិលា និងទំនិញនៃអាគារលក់ទំនិញរួចពន្ធ, ទំនិញទទួលបានការលើកលែងពន្ធនិង/ឬអាករ របស់គម្រោងវិនិយោគ, ទំនិញទទួលបានការលើកលែងពន្ធនិងអាកររបស់ក្រសួង ស្ថាប័ន បេសកកម្មការទូត បេសកកម្មកុងស៊ុលបរទេស និងអង្គការជាតិ/អន្តរជាតិនានា, ទំនិញទទួលបានការលើកលែងពន្ធនិងអាករផ្សេងទៀត តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
គួរបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ៕