
ព្រះសីហនុ៖ នាវាជប៉ុន នៅថ្ងៃទី ១៩ មេសានេះ បានចូលមកដែនទឹកកម្ពុជា ក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនៃខេត្តព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ជប៉ុនបានក្លាយជាប្រទេសដំបូងបង្អស់ដែលកម្ពុជាអនុញ្ញាតឲ្យមាននាវាចូលមូលដ្ឋានកងទ័ពរាមដែលត្រូវបានធ្វើទំនើបកម្ម ដោយកងទ័ពចិន។ ការសាងសង់មូលដ្ឋានរាមនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
នាវាកងស្វ័យការពារជើងទឹកជប៉ុន មានចំនួន 2គ្រឿង បានចូលចតនៅ កំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដឹកនាំប្រតិភូដោយលោក វរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣។នាវាទី១មានឈ្មោះ JS BUNGO (MST-464) បណ្តោយ 141 ម៉ែត្រ ទទឹង 22 ម៉ែត្រ ជម្រៅទឹក 5.4 ម៉ែត្រ ទម្ងន់ផ្ទុក 5700 តោន និងមាននាវិកចំនួន 135 នាក់ មានមេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI។
នាវាទី២ ឈ្មោះ JS ETAJIMA (MSO-306) បណ្តោយ 67 ម៉ែត្រ ទទឹង 11 ម៉ែត្រជម្រៅទឹក 2.7 ម៉ែត្រ ទម្ងន់ផ្ទុក 690 តោន មាននាវិកចំនួន 53 នាក់ មាន មេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ធ្លាប់បានពន្យល់ប្រាប់ ស៊ីស៊ីថាមស៍ ថា ការដែលប្រទេសកម្ពុជាសម្រេចឱ្យនាវាចម្បាំងរបស់ប្រទេសជប៉ុនចូលចតមុនគេ អាចដោយសារជប៉ុនបានដាក់សំណើរមករាជរដ្ឋាភិបាលកម្ពុជាបានមុនគេ។
ជាការកត់សម្គាល់ «មូលដ្ឋានកងទ័ពជើងទឹករាម»របស់កម្ពុជា បានក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាម៉េរិកនឹងប្រើប្រាស់មូលដ្ឋាននេះ សម្រាប់ពង្រីកអំណាចរបស់ខ្លួន។ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាច្រានចោល។
តែយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម»គោលបំណងនៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹក និង បង្កើនសមត្ថភាពកម្លាំងយោធា គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ហើយគ្មានបំណងរំលោភបំពាន ឬឈ្លានពានប្រទេសណាទេ។
ថ្លែងក្នុងពិធីសម្ពោធ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសថា មូលដ្ឋានទ័ពជើងទឹករាម នឹងមិនអនុញ្ញាតអោយមានមូលដ្ឋានកងទ័ពបរទេសទេ ដែលនេះស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន។ ដោយសង្កត់ធ្ងន់លើការការពារមូលដ្ឋានទ័ពជើងទឹក និងកងកម្លាំងទ័ពរបស់កម្ពុជា ដែលសម្តេចមានគោលបំណងកាត់បន្ថយការព្រួយបារម្ភទាក់ទងនឹងចេតនាឈ្លានពានផ្សេងៗ៕