
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន នៅថ្ងៃទី ១៧ មេសាម្សិលមិញ បានសម្រេចភាពជោគជ័យនៃចុះហត្ថលេខាជាផ្លូវការលើ កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ)។ភាពជោគជ័យនេះ អាចចាត់ទុកជាផ្លែផ្កាយ៉ាងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០២៥ បន្ថែមលើផ្លែផ្កាជាច្រើនទៀត។
ពិធីចុះហត្ថលេខា«កិច្ចព្រមព្រៀង និងកិច្ចសន្យា»៥នៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC, ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និង ភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។

កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” មានជាអាទិ៍ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន លោក ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់។ក្នុងផែនការ ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និង ហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។

គួររម្លឹកថា គម្រោងនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេច ហ៊ុន សែន ដោយបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕



