Cctime 6monthsfree desktop
Cc times  web banner kh (2)

ចូលឆ្នាំខ្មែរ៣ថ្ងៃ៖ កម្ពុជាទទួលបាន«ភ្ញៀវទេសចរ» ជិត២៤លាននាក់ កើនឡើង ៩,៩ ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់។

យោងតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ ដោយភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។ ក្នុងថ្ងៃទី១ ដែលជាថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់, ថ្ងៃទី១៥៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់, និងថ្ងៃទី១៦៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់។

ក្នុងរយៈពេល ៣ថ្ងៃ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖ រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់ ដោយមានការរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ, ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់ មានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់ មានព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តោន ប្រវែង១ពាន់ម៉ែត្រ, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់ និងខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តទាក់ទាញភ្ញៀវទេសចរច្រើនកុះករ។

គួរបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង