
សៀមរាប៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។

ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បានបញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ ក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។

អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងទៅកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕
.jpg?1744342153)


