ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងាររបស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករ ផងដែរ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ លើកឡើងថា ការចូលមកប្រទេសកម្ពុជានៅតាមច្រកព្រំដែនអន្តរជាតិពុំមានការបង់ប្រាក់លើសេវា ចេញ-ចូលនោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ វាអាចជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករដែលកំពុងវិលមកប្រទេសកម្ពុជាវិញ ។ ពលករខ្មែរបានអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលចំពោះសុខទុក្ខពលករខ្មែរ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រចាំការរង់ចាំសម្របសម្រួលជាមួយក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាពិសេនៅច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕