.jpg?1744269791)
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១០ មេសានេះ បានប្រកាសពីការអនុវត្តជាផ្លូវការដោយការបញ្ចុះពន្ធគយរបស់អាម៉េរិកមកលើទំនិញរបស់កម្ពុជាពី៤៩%មកនៅត្រឹមអត្រា ១០%។ការប្រកាសនេះ គឺបន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសផ្អាកការយកពន្ធថ្មី និងទុកពេល៩០ថ្ងៃដើម្បីស្វែងរកការចចារជាមួយអាម៉េរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងបន្តយកចិត្តទុកដាក់ តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក ក្រោយអាម៉េរិកប្រកាសផ្អាកការយកពន្ធថ្មី ដោយបញ្ចុះនៅសល់ ១០% និង ទុកពេលឲ្យបណ្តាលប្រទេសដែលជាប់ពន្ធថ្មីរួមទាំងកម្ពុជា មានរយៈពេល៩០ថ្ងៃ ដើម្បីស្វែងរកការចចារជាមួយអាម៉េរិក។
បើតាមក្រសួង លោកប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចចារស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមាន កម្ពុជា ផងដែរ។ បច្ចុប្បន្ននេះ អត្រាពន្ធគយ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។

ក្រសួងបញ្ជាក់ថា តាមរយៈលិខិតរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចា បញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។
ជាយន្តការថ្មីបន្ទាប់ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ជាមួយភាគីអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយការពារផលប្រយោជន៍ជាតិ៕