Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថាន៖ការកាប់«ដើមសំរ៉ង»ដើម្បីប្រមូលផ្លែជាអំពើបំផ្លាញធនធានធម្មជាតិប្រឈមផ្លូវច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមាន សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពកាប់ផ្តួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។ ក្រសួងបរិស្ថាន បានអំពាវនាវកុំឱ្យកាប់ដើមសំរ៉ង ដើម្បីប្រមូលយកផ្លែសំរ៉ង ដែលធ្វើឱ្យដាច់ពូជរុក្ខជាតិសំរ៉ង។

ការអំពាវរបស់ក្រសួង បានធ្វើឡើងបន្ទាប់ពីក្រសួងពិនិត្យឃើញមានការកើនឡើងសកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ។

ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពកាប់ដើមសំរ៉ង គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ មានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្តាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹង ច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការ ជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់ផ្តួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។

ក្រសួងបរិស្ថាន ក៏បានស្នើដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផល អនុផលព្រៃឈើបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញដល់ធនធានធម្មជាតិ។ ក្រសួង ក៏បានស្នើប្រជាពលរដ្ឋទាំងអស់ មេត្តាសហការផ្តល់ព័ត៌មានអំពី សកម្មភាពល្មើសនេះ មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

បន្ថែមពីលើនេះ ក្រសួងបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។

ក្រសួងបរិស្ថាន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាពឱ្យមានប្រសិទ្ធភាពខ្ពស់ជាក់ជាមិនខាន។

សូមបញ្ជាក់ថា សំរ៉ង ជារុក្ខជាតិដើមធំៗ ដុះក្នុងព្រៃជ្រៅ នៃប្រទេសកម្ពុជា។ សំរ៉ងអាចច្នៃជាឱសថសម្រាប់ព្យាបាលជំងឺ និងថែទាំសុខភាព។ បច្ចុប្បន្នសំរ៉ង ត្រូវបានគេយកផលិតជាថ្នាំគ្រាប់ ជាភេសជ្ជៈ ជាសាច់សំរ៉ងក្រៀមជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង