
ភ្នំពេញ៖ លោកតា បណ្ឌិត កុល ផេង ស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានសាងផ្នួសជាព្រះភិក្ខុ ផលត្ថេរោ កុល ផេង ដើម្បីបំពេញកិច្ចភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា នាថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ដែលមានទីតាំងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកតាបណ្ឌិត ដែលមានឈ្មោះ Dr. Kol Pheng។

លោកតាបណ្ឌិត កុល ផេង ជាស្ថាបនិក នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា និងជាអតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ។ នាថ្ងៃទី ៧ មេសា ២០២៥ នេះ លោកតាបណ្ឌិត បានចូលសាងផ្នួសក្នុងការបំពេញកិច្ចភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនានៅអាយុ៩១ឆ្នាំ ជាព្រះភិក្ខុ ផលត្ថេរោ។ លោកតា ជាអ្នកដែលមាននិស្ស័យក្នុងព្រះពុទ្ធសាសនា និងតែងតែទូន្មានប្រៀនប្រដៅកូនចៅដែលនៅជុំវិញខ្លួនប្រណិប័តឱ្យបានខ្ជាប់ខ្ជួន ដោយបានបញ្រ្ជាបចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា នាពេលដែលលោកបានជួបជាមួយនឹងយុវជនជំនាន់ក្រោយ។

គួររំលឹកថា មុននឹងការសាងផ្នួស លោកតាតែងចំណាយពេលក្នុងការអប់រំយុវជនជំនាន់ក្រោយតាមរយៈការចែករំលែកសារជម្រុញទឹកចិត្ត និងសារក្រើនរំលឹកដើម្បីឱ្យយុវជនបន្តដំណើរក្នុងការសម្រេចក្តីស្រមៃ ទាំងក្នុងកម្មវិធីសិក្ខាសាលា ការបណ្តុះបណ្តាលនានា នៅរាជធានីភ្នំពេញ និងនៅខេត្ត៕

