Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងរៀបចំដែនដី ចុះMOUជាមួយគណៈមេធាវី ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហការការងារផ្នែកច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីឈានទៅធ្វើកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែមទៀត, ក៏ដូចជាចូលរួមកសាងគណៈមេធាវីឱ្យកាន់តែរឹងមាំនិងជំរុញនូវការយកច្បាប់មកអនុវត្តឱ្យបានកាន់តែច្រើនជាងមុន។

ថ្លែងក្នុងពេលទទួលជួបសំដែងការគួរសមនិងចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសង្កេតឃើញថា សម្រាប់កម្ពុជា,ការកសាងនីតិរដ្ឋមានការលំបាកច្រើន, មិនមែនព្រោះតែកម្ពុជាខ្វះអ្នកច្បាប់នោះទេប៉ុន្តែអ្នកដែលអាចយល់ដឹងអំពីច្បាប់ទម្លាប់នៅមានកម្រិតនៅឡើយ ពីព្រោះសង្គមកម្ពុជាគឺជាសង្គមមួយដែលទើបតែងើបចេញផុតពីផេះផង់នៃសង្គ្រាម។

ទាក់ទិននឹងវិស័យដីធ្លី លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅកម្ពុជានៅសល់ត្រឹមតែប្រមាណ ៥០ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជាស្ថាពរ។

ដោយឡែក បញ្ហាវិវាទដីធ្លីមានមេធាវីស្ម័គ្រចិត្តជាច្រើនបានចូលរួមក្នុងការជួយដោះស្រាយវិវាទដែលនៅសេសសល់ប្រមាណ ៥០០ ករណីទៀត ដោយក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គណៈមេធាវីអាចពិចារណាចូលរួមជួយដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ទាំងនេះដើម្បីបង្កើនល្បឿនបញ្ចប់ភាពសៅហ្មងចម្រូងចម្រាស់ក្នុងសង្គមជាតិអោយបានឆាប់រហ័ស ,ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ។

ម្យ៉ាងទៀតលោកឧបនាយករដ្ឋមន្រ្តី បានស្នើដល់គណៈមេធាវីពិចារណាថាតើនៅពេលមានការទិញលក់អចលនទ្រព្យនោះ សារការីអាចចូលរួមបានដោយរបៀបណា និងការស្នើសុំសេវារបស់ក្រសួងថាតើក្រុមមេធាវីអាចចូលរួមបានយ៉ាងដូចម្ដេច, ព្រមទាំងបានស្នើឱ្យគណៈមេធាវីចូលរួមក្នុងការតាក់តែងលិខិតបទដ្ឋាននានា,និងផ្សព្វផ្សាយច្បាប់ទំលាប់ផ្សេងៗអោយបានទូលំទូលាយផងដែរ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង