ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ»ជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញតម្លៃប្រមាណជិត៣៧លានដុល្លារ នៅថ្ងៃទី ៧ មេសានេះ បានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និង អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញ។
ស្ពានអាកាស «មរតកតេជោ» បានសាងសង់ ផ្លូវផ្ទាល់ដី មានរង្វង់មូលបែងចែកទិស និង ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និង ផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ បំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថី សម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកា ជិត ៣៧លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញ។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និង ដាក់ឱ្យប្រើប្រាស់។ ស្ពានអាកាសទាំង៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២), ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣) និង ស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥៕