
បន្ទាយមានជ័យបានចូលរួមជាផ្លូវការក្នុងបញ្ជីខេត្តដែលបានសម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់កម្ពុជា ដែលជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់សុខភាពសាធារណៈ អនាម័យ និងសុខុមាលភាពសហគមន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងសហគមន៍មូលដ្ឋាន ចំនួនជាង១.៤០០នាក់។
.jpg?1743482662)
អង្គពិធីនេះត្រូវបានដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ អង្គការទស្សនៈពិភពលោកមានមោទនភាពដែលបានចូលរួមចំណែកក្នុងសមិទ្ធផលនេះ ដែលសម្រេចបានតាមរយៈការសហការជាមួយក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍។ តាមកម្មវិធីអានាម័យទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកក្នុងខេត្តបន្ទាយមានជ័យតែមួយ បង្គន់អនាម័យចំនួនជាង ៣.០៦៦ ត្រូវបានសាងសង់នៅតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងទីសាធារណៈ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារចំនួនជាង ១៨៧.០០០គ្រួសារ ក្នុងភូមិចំនួន៦១២ ក្នុងនេះមានកុមារជាង ២៤៩.៧០០នាក់ ។
ការចម្លងរោគទឹក អាហារ និងដីដោយលាមកមនុស្ស ដែលជាលទ្ធផលផ្ទាល់នៃការបន្ទោបង់ពាសវាលពាសកាល បង្កឱ្យមានការរីករាលដាលនៃជំងឺជាច្រើន។ ជំងឺរាករូស កើតព្រូន គ្រុនពោះវៀន និងរលាកថ្លើមប្រភេទអា គឺជាហានិភ័យទូទៅបំផុត ដែលអាចបណ្តាលឱ្យកុមារប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ដូចជា កង្វះអាហារូបត្ថម្ភ និងបញ្ហាការលូតលាស់។
.jpg?1743482717)
លោក នង ដាវីត អ្នកជំនាញជាន់ខ្ពស់ផ្នែកទឹក អនាម័យ និងអនាម័យ (WASH) នៃអង្គការទស្សនៈពិភពលោកកម្ពុជាបានមានប្រសាសន៍ថា "បង្គន់អនាម័យមិនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធទេ វាជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសុខភាព ការអប់រំ និងវឌ្ឍនភាពសង្គមរបស់ប្រជាជនកម្ពុជា"។
សមិទ្ធផលនេះរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ តាមរយៈការកែលម្អអនាម័យ និងការទទួលបានទឹកស្អាត ផ្តើមពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជួយការពារជំងឺ និងគាំទ្រអនាគតដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា។
ពីមុនមក ទាំងគ្រូ និងសិស្ស នៅសាលាបឋមសិក្សាមួយ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទ្រាំទ្រនឹងការរង់ចាំជាយូរដោយគ្មានបង្គន់ប្រើប្រាស់ ដោយពឹងផ្អែកបង្គន់អ្នកភូមិដែលនៅក្បែរ ឬងាកទៅរកការបន្ទោបង់ពាសវាលពាសកាល។ ការខ្វះខាតបង្គន់អនាម័យនេះនាំឱ្យមានអនាម័យមិនល្អ ជំងឺញឹកញាប់ និងការរំខានដល់ការសិក្សា។ ឥឡូវនេះ ជាមួយនឹងការទទួលបានទឹកស្អាត និងបង្គន់អនាម័យ សិស្ស ជាពិសេសសិស្សស្រី អាចចូលរៀនបានទៀងទាត់ជាងមុន និងផ្តោតលើការសិក្សារបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីសុខភាព។ អ្នកគ្រូ សៀង គី ជាគ្រូបង្រៀនថ្នាក់ទី៤ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចែករំលែកថា៖ "ឥឡូវនេះយើងសប្បាយចិត្ត និងមានសុខភាពល្អជាងមុន។ ការមានបង្គន់ស្អាតនៅសាលារៀនមានន័យថាសិស្សអាចរៀនដោយមិនមានការលំបាក ហើយមិនមានជំងឺរាករូសដូចមុន "។

ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុក និងឃុំថ្នាក់មូលដ្ឋាន កម្មវិធី ទឹកស្អាតនិងអនាម័យ (WASH) របស់អង្គការទស្សនៈពិភពលោកកំពុងបង្កើតផលផ្លាស់ប្តូរទូទាំងខេត្តចំនួន៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប ដោយមានផលជះវិជ្ជមានដល់ប្រជាជនជាង ៩៩៥.០០០នាក់។ តាមកម្មវិធីនេះកំពុងជំរុញការផ្លាស់ប្តូរយូរអង្វែងដោយផ្តល់ឱ្យមានការប្រើប្រាស់ទឹកស្អាត អនាម័យប្រសើរឡើង និងការអប់រំអនាម័យ។ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងអណ្តូងទឹក បង្គន់ និងស្ថានីយលាងដៃ កម្មវិធីនេះកំពុងបង្កើនសុខុមាលភាពសហគមន៍ និងលើកកម្ពស់ជីវិតដែលមានសុខភាពល្អ និងធន់ជាងមុន។
នៅថ្នាក់ជាតិ អង្គការទស្សនៈពិភពលោកក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អគោលនយោបាយអនាម័យ និងទឹកស្អាត ដោយធ្វើបច្ចុប្បន្នភាពគោលការណ៍នែនាំជាតិ និងធ្វើយ៉ាងណាគោលនយោបាយទាំងនោះមានផលជះវិជ្ជមានដល់ប្រជាពលរដ្ឋគ្រប់រូប សូម្បីតែអ្នកនៅតំបន់ដាច់ស្រយាលបំផុត៕
.jpg?1743482744)