
កំពង់ធំ៖ សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ បានចុះកិច្ចសន្យា«ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ ជាមួយក្រុមហ៊ុន Santana Agro Products ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ស្មានថា កិច្ចសន្យាលើកនេះមានទំហំគិតជាសាច់ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមការប៉ាន់ស្មាន កិច្ចសន្យាលើកនេះមានទំហំគិតជាសាច់ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុននឹងផ្តល់ជូន១០០៛/គីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន។
លោកបញ្ជាក់ថា បើបូករួមជាមួយនឹងកិច្ចសន្យាដែលទើបបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនMIRARTH កាលពីពេលថ្មីៗនេះ សហគមន៍មានកិច្ចសន្យាសរុបនៅក្នុងដៃទំហំជាង១លានដុល្លារ រួចជាស្រេចទៅហើយ។ លោកលើកឡើងថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះនោះទេ។ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅសេសសល់ អាចនឹងត្រូវបានប្រមូលសម្ងួត ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។
គួរបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យា«ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍សាលាវិស័យ និងសហគមន៍ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុន Santana Agro Proucts៕

