Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកឧកញ៉ា ហ៊ុន សាន​ បងប្រុសបង្កើតសម្តេច ហ៊ុន សែន ទទួលមរណភាពដោយរោគាពាធ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន សាន​ បងប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ក្នុងនាមជាប្អូនប្រុស បានសម្តែងភាពសោកសៅដែលបាត់បង់បងប្រុសជាទីស្រឡាញ់ និងថាបងប្រុសម្នាក់នេះ បានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ។

ដូចដែលបានប្រកាសទុកជាមុនរបស់សម្តេច ហ៊ុន សែន អ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ។សពនឹងដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស (វត្តសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃ នាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា) ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

មរណភាពរបស់ អ្នកឧកញ៉ា ហ៊ុន សាន ​ត្រូវបានក្រុមគ្រួសារចាត់ទុក ជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និង សេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។

សម្តេច ហ៊ុន សែន ក្នុងនាមជាប្អូនប្រុស បានសម្តែងភាពសោកសៅអមជាមួយការរំលឹកពីគុណរបស់បងប្រុសដែលបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការ ដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។

គួរបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។

លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់ និង បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកស្រី ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និង មានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកស្រី ហ៊ុន គឹមហាក់, កូនទី២ លោក ហ៊ុន ជា, កូនទី៣ លោក ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកស្រី ហ៊ុន ម៉ានី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង