ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥ ជាមួយកម្មវិធីសាសនា កម្មវិធីកម្សាន្តសប្បាយ ការសម្តែងទស្សនីយភាព ការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត ហើយក៏រៀបចំភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) ដោយបើកបន្តរហូតរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ កម្មវិធីសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ចំនួន០៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ មេសា ២០២៥។ កម្មវិធីនេះមានកម្មវិធីសាសនាដូចជា ការតាំងពលិកា ការស្រង់ព្រះពុទ្ធរូប កម្មវិធីកម្សាន្តសប្បាយ ការសម្តែងទស្សនីយភាព របាំបុរាណ របាំប្រពៃណី មានរបាំត្រុដិ ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយដែលជាកេរដំណែលដូនតាខ្មែរ ការរាំកម្សាន្តគ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ ។
បន្ថែមពីនេះ សង្ក្រាន្តវត្តភ្នំ ក៏បានភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) ដោយបើកបន្តរហូតរយៈពេល៥ថ្ងៃ ដោយបន្ថែម០៣ថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរ រហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា៕