
បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពី ការចុះបង្ក្រាបនៅទីតាំងចំនួន ២កន្លែង ដោយរកឃើញជនជាតិថៃសរុបចំនួន ៦៣នាក់ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ៧នាក់ សម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួន ២កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ ៧នាក់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។

ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើនេះ សមត្ថកិច្ចបានរកឃើញជនជាតិថៃ សរុបចំនួន៦៣នាក់ (ស្រី៣០នាក់) ក្នុងនោះមានកុមារចំនួន២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន៣៣គ្រឿង និងទូរស័ព្ទដៃចំនួន៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃ ចំនួន៦៥ច្បាប់ និងលិខិតឆ្លងដែនថៃ ចំនួន២ច្បាប់។ តាមរយៈទិន្នន័យ ក្នុងវត្ថុតាងសមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។

ក្នុងចំណោមពលរដ្ឋថៃទាំង៦៣នាក់ សមត្ថកិច្ចបានរកឃើញ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំសម្ភារៈមធ្យោបាយ ដើម្បីប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន ៧នាក់ (ស្រី១នាក់) ជាមេក្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ។
គួរបញ្ជាក់ថា ជនជាតិថៃចំនួន ៥៦នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមសំណូមពរពីអ្នកទាំងនោះ។ ដោយឡែកចំពោះជនសង្ស័យ ៧នាក់ ផ្សេងទៀត កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕