
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ផ្សារមូលបត្រកម្ពុជា, UN Women, និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំព្រឹត្តិការណ៍បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រស្តីពី “បន្លឺសំឡេងកណ្តឹងសម្រាប់ស្រ្តីនិងក្មេងស្រីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច“ លើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីពង្រីកសមភាពយេនឌ័រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអនុម័តគោលការណ៍បង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
នាឱកាសនេះ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនមែនជាប្រពៃណីនៃការរៀបចំជានិមិត្តរូបនៃការបន្លឺកណ្ដឹងទេ ប៉ុន្តែជាការអំពាវនាវឲ្យមានការធ្វើសកម្មភាពដោយផ្ទាល់ ដែលជាការអំពាវនាវឱ្យធ្វើការរួមគ្នាដើម្បីបញ្ចេញនូវសក្ដានុពលពេញលេញនៃសមភាពយេនឌ័រ ហើយការណ៍នេះមិនត្រឹមតែជាបញ្ហាយុត្តិធម៌ ឬសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញជាមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចជាតិ។
យោងតាមការសិក្សាស្រាវជ្រាវរបស់ McKinsey ដែលជាក្រុមហ៊ុនប្រឹក្សាការគ្រប់គ្រងសកល បានរកឃើញថា នៅក្នុងក្រុមហ៊ុនខាងផ្នែកប្រតិបត្តិការ ដែលមានចម្រុះភាពយេនឌ័រ មានប្រតិបត្តិការល្អប្រសើរ និងអាចរកប្រាក់ចំណេញលើសដៃគូរបស់ពួកគេ ប្រមាណ ២៥% ។ ទន្ទឹមនឹងនេះ វេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានបង្ហាញថា ការមិនមានគម្លាតយេនឌ័រ អាចបន្ថែម ១២ ពាន់ពាន់លានដុល្លារអាម៉េរិក ទៅលើផលិតផលក្នុងស្រុកសរុប (GDP) សកល ត្រឹមឆ្នាំ ២០២៥។
សម្រាប់ទីផ្សារមូលបត្រ ស្រ្តីក៏បានចូលរួមអភិវឌ្ឍជាសំខាន់ផងដែរ មកទល់ត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ វិនិយោគិនជាស្រី្តមានចំនួនសរុប ២១,៣៩២ នាក់ ដែលមានប្រមាណ ៣៨ ភាគរយ នៃវិនិយោគិនសរុប ដែលនេះបានបង្ហាញពីការចូលរួមដ៏សំខាន់របស់ស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថាធនាគារ អេស៊ីលីដា មានភាគហ៊ុនិកសាធារណៈសរុបចំនួន ១៩.៨៩១នាក់ ក្នុងនោះមានស្រ្តី ៨.១០១នាក់ ស្មើនឹង ៤០,៧៣%។ នេះបង្ហាញពីនិន្នាការដ៏សំខាន់ឆ្ពោះទៅរកការរួមបញ្ចូល និងការធ្វើពិពិធកម្មនៅក្នុងទិដ្ឋភាពនៃការវិនិយោគ ដោយបង្ហាញពីការកើនឡើងនៃតួនាទីរបស់ស្ត្រីនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
លោកស្រីជឿជាក់ថា សមភាពយេនឌ័រមិនគ្រាន់តែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ពិភពលោកដែលមានសន្តិភាព វិបុលភាព និងនិរន្តរភាព។ នៅពេលដែលស្ត្រី និងយុវតី ត្រូវបានផ្តល់សិទ្ធិអំណាច នោះសហគមន៍ទាំងមូលនឹងរីកចម្រើន។ ការរួមចំណែករបស់ស្រ្តី និងយុវតី ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយជាកាតព្វកិច្ចរបស់យើងក្នុងការធានាថាពួកគាត់មានឱកាស និងការគាំទ្រដែលពួកគាត់ត្រូវការដើម្បីទទួលបានជោគជ័យ៕


