Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមប្រឹក្សាជាតិគាំពារសង្គម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦»។ ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានបង្កើតឡើងដើម្បីជំរុញពង្រីកការគ្របដណ្ដប់កិច្ចគាំពារផ្នែកសន្ដិសុខសង្គមទៅដល់កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណាម្នាក់។

លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងាររៀបចំផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ លើកឡើងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ របស់រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ធ្វើការ សម្របសម្រួលជាមួយ នឹងភាគីពាក់ព័ន្ធ ប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំ ផែនការប្រតិបត្ដិនេះ ឱ្យមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្ដបានប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានសង្កត់ធ្ងន់ថា ផែនការប្រតិបត្ដិនេះ ជាកាតាលិករជំរុញឱ្យនិយោជក កម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិ-សុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម។ វិធានការដែលបានកំណត់នៅក្នុងផែនការប្រតិបត្ដិនេះ នឹងអាចត្រូវបន្ដអនុវត្ដនៅឆ្នាំបន្ទាប់ ឬមានការកែសម្រួលបន្ថែម ផ្អែកតាមលទ្ធផលនៃការវាយតម្លៃជាក់ស្ដែង ឬតាមការចាំបាច់ ហើយវិធានការទាំងនេះ ក៏ជួយសម្រួលដល់ដំណើរការនៃពង្រីករបបសន្ដិសុខសង្គម ដល់ក្រុមគោលដៅដទៃទៀត ស្របតាមយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានរៀបចំផែនការប្រតិបត្ដិរហូតលេចចេញជារូបរាងឡើង។ លោកមានប្រសាសន៍បន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ជាមូលដ្ឋានគ្រឹះរឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។

គួរបញ្ជាក់ថា «ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង ១០០នាក់៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង