Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារកឃើញប្រភេទ«ខ្យងគោក»ប្រភេទជីវៈចម្រុះកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅភ្នំបាណន់ខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ក្រុមអ្នកជំនាញរបស់កម្ពុជាសហការជាមួយអង្គការដៃគូអន្តរជាតិ បានរកឃើញថា  ប្រភេទជីវៈចម្រុះ ខ្យងឧទយាទិត្យ ដែលសង្ស័យថាជាប្រភេទថ្មី ក្រោយបានស្រាវជ្រាវសំណាកទៅពិនិត្យ បានបញ្ជាក់ថា ជាជីវៈចម្រុះប្រភេទថ្មីសម្រាប់ពិភពលោក។​ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។នេះបើយោងតាមប្រភពពីក្រសួងបរិស្ថានកម្ពុជា។

យោងតាមក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការស្រាវជ្រាវរួមគ្នាកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និង គាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ។

លទ្ធផលនៃការស្រាវជ្រាវនោះ បានពិនិត្យសំណាក ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទ ឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។

បើតាមប្រភពដដែល ការរកឃើញនេះ ពិតជាផ្តល់តម្លៃដល់ការសិក្សាស្រាវជ្រាវទៅលើធនធានធម្មជាតិ ជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជា និង សបញ្ជាក់ឱ្យឃើញពីភាពសុខដុមរមនារវាងមនុស្ស និង ធនធានធម្មជាតិ ការរក្សាធនធានធម្មជាតិ ការអភិរក្សបរិស្ថានបានល្អ ទាំងនៅក្នុងតំបន់ការពារធម្មជាតិ ដែលមានគម្របព្រៃឈើ តំបន់ភ្នំ និង តំបន់បេតិកភណ្ឌជាតិ។

យោងតាមរបាយការណ៍ ស្រាវជ្រាវ កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis”នេះដែរ។ ដូចនេះ ការសិក្សាក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និង ក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង