Cctime 6monthsfree desktop
Cc times  web banner kh (2)

កំពង់ផែ«ទេសចរណ៍អន្តរជាតិកំពត»នឹងបើកសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣មេសាឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កំពង់ផែ«ទេសចរណ៍អន្តរជាតិកំពត»។រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖កំពង់ផែ«ទេសចរណ៍អន្តរជាតិកំពត»នឹងបើកសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ  ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និង តភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។

បើគ្មានអ្វីប្រែប្រួលនោះទេ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នឹងរៀបចំពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក មានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត តម្លៃជាង ១៨ លានដុល្លារ បច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។កំពង់ផែទេសចរណ៍នេះ បានអភិវឌ្ឍឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨ លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតា។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៤ បានអះអាងថា «កំពង់ផែទេសចរណ៍កំពត ជា សហថាមពលដ៏សំខាន់សម្រាប់តភ្ជាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនេះ ចាំបាច់ ដរាបណាទំនិញនៅតែបញ្ជូនតាមរថយន្ត កប៉ាល់ ប្រព័ន្ធនេះនឹងនៅរាប់រយឆ្នាំទៀត។ តាមរយៈកំពង់ផែនេះ អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និង កំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃ។

សម្រាប់រាជរដ្ឋាភិបាល កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក ជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និង ផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និង គោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង