Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្ពានខ្ពស់ជាគេនៅកម្ពុជា»លើកំណាត់ផ្លូវជាតិលេខ១០នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នមុនចូលឆ្នាំខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ពានខ្ពស់ជាគេនៅកម្ពុជា លើកំណាត់ផ្លូវជាតិលេខ១០។រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

កោះកុង៖ ស្ពានខ្ពស់ជាគេនៅកម្ពុជា លើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ការបើកឱ្យដំណើរការជាបណ្តោះអាសន្ននេះ អនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨កន្លែង និងស្ពានចំនួន ៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២%។

បើតាមក្រសួង ក្នុងគម្រោង ស្ពានលេខ២៨ នេះនឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ស្ពាននេះ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ ដើម្បីជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង