Cctime 6monthsfree desktop
Cc times  web banner kh (2)

គយទប់ស្កាត់ការលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួចចំនួន៤ទូកុងតឺន័រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖សំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ ទូ មានទម្ងន់សរុប ៧៨,៦៤០ គីឡូក្រាម ត្រូវបានកម្ពុជាបញ្ជូនទៅប្រទេសដើមវិញបានជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់។ទំនិញទាំងនេះ ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូល ជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅកម្ពុជា។ 

បន្ទាប់ពីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន ៤ ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។

ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រទាំង៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់ ៧៨,៦៤០ គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងមាត្រា ៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។

ដោយពិនិត្យឃើញថា ករណីនេះជាបទល្មើសច្បាប់ស្តីពីគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញនូវទំនិញទាំង៤ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្ដីពីគយជាធរមាន។

ជាលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការបញ្ជូនទូកុងតឺន័រកាកសំណល់ខុសច្បាប់នាំចេញត្រលប់ទៅវិញនេះ គឺធ្វើឡើងដោយស្របតាមអនុសញ្ញាអន្តរជាតិបាសែលស្តីពីការត្រួតពិនិត្យការដឹកជញ្ជូនអន្តរជាតិ និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ ឆ្នាំ១៩៨៩ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal 1989)។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន សាច់បង្កកនិងផលិតផលពីសាច់សត្វខូចគុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម និងគ្រឿងញៀន (ទម្ងន់សុទ្ធ) ៦៦ ៣០០,៩៤ ក្រាម។ ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧ មុខ ដែលមានទម្ងន់សរុបប្រមាណ ៥០៧ តោន៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង