
តាកែវ៖ ភ្ញៀវទេសជាតិ និងអន្តរជាតិប្រមាណជាង៣៥ម៉ឺននាក់ បានចេញដើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងចំណោមភ្ញៀវទេសចរសរុបជាង៣៥ម៉ឺននាក់នេះ ភ្ញៀវទេសចរជាតិមានចំនួន ៣៥៧ ៩៦៦ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១ ០២៨ នាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍។
លោកស្រី ហ៊ុន ដានី បានលើកឡើងអំពីរបាយការណ៍ស្ថិតិទេសចរណ៍ពិធីបុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ យ៉ងលម្អិតដូចតទៅ៖ ថ្ងៃទី១ (ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥) មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ដចំនួន ១០១ ៣៦៧ នាក់ និងទេសចរបរទេស ២៦០ នាក់, ថ្ងៃទី២ (ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥) មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ដចំនួន ១០៨ ០០០ នាក់ និងទេសចររបរទេស ៣០០ នាក់, ថ្ងៃទី៣ (ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥)មាន ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ដចំនួន ១៤៨ ៥៩៩ នាក់ និងទេសចរបរទេស ៤៦៨ នាក់។
លោកស្រីបញ្ជាក់ថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចេញដើរកម្សាន្តភាគច្រើននៅក្រុងដូនកែវ ដែលជាបេះដូងនៃទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេ ដោយសារមានទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ផលិតផលនិងសេវកម្មក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិ-ទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ បន្ថែមលើនេះមានសកម្មភាពកីឡាចម្រុះ ការបាញ់កាំជ្រួច និងបង្ហោះគោមជាដើម។ ក្រៅពីនេះ ក៏មានការចេញទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តផងដែរ។
ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់ ដោយនៅថ្ងៃទី១ ទទួលបានប្រមាណជាង១០ម៉ឺននាក់ នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។
ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង រៀបចំព្រឹត្តិការណ៍បុណ្យទន្លេជាប្រវត្តិសាស្ត្រនេះឡើងនៅលើទឹកដីខេត្តតាកែវដ៏ចំណាស់ដែលពុំធ្លាប់មានពីមុនមក៕

