Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ត្រីជំនាញក្រសួងបរិស្ថាន រកឃើញរោងចក្រកែច្នៃផ្លែឈើមួយកន្លែង បញ្ចេញសំណល់រាវចូលទឹកប៉ះពាល់ដល់សុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកឃើញរោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌីនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបញ្ចេញសំណល់រាវចូលទៅក្នុងទឹក ដែលមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។ ក្រុមការងារ បានចុះដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹកខាងក្រោមរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី។

ក្រោយស្រាវជ្រាវមន្ត្រីជំនាញ បានរកឃើញភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស រងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹកអូរនៅឡើយ។ នៅក្នុងថ្ងៃដដែល ក្រុមការងារបានបន្ដតាមដានតាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបានហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹកមកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។

គួរបញ្ជាក់ថា នៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។ ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តចូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង