
ភ្នំពេញ៖ នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ មាន«ស្តង់លក់អាហារ»របស់ប្រទេសជាប់ទន្លេមេគង្គចំនួន៦ បានរៀបចំឡើងនៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ។ការរៀបចំឡើងក្នុង ទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025 ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា នៅខាងមុខវត្តឧណ្ណាលោម។
ស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គចំនួន៦ប្រទេស ដែលមានដូចជាប្រទេស កម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន១៨ ស្តង់។នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
បើតាមលោកស្រី ដោ សម្ផស្ស ដែលត្រូវបានស្រង់ប្រសាសន៍តាមរយៈក្រសួងព័ត៌មាន ព្រឹត្តិការណ៍នេះមានគោលបំណង ដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និង វប្បធម៌ដែលចាក់ឫសយ៉ាង ជ្រៅរវាងប្រទេសឥណ្ឌា និង ប្រទេសក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។
កាលពីសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និងកំប្លែង (នាយក្រឹម) ហើយក្រៅពីនេះ នៅមានជារបាំនេសាទ (របាំប្រពៃណី) ការសម្តែងតន្ត្រីបុរាណ មហោរី និងរបាំប្រពៃណី រាំវង់ សៀករហ័សកម្ម ចាប៉ីសហគមន៍ បណ្ណាល័យចល័ត។ល។នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្រី ដោ សម្ផស្ស។
លោកស្រី ដោ សម្ផស្ស សង្កត់ធ្ងន់ថា តាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី២២ មីនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត៕