
សៀងហៃ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល បានចុះហត្ថលេខាលើលិខិតសម្តែងបំណងស្តីពី កិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញនិងទាក់ទាញវិនិយោគ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្នុងវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលរៀបចំឡើងដោយសម្ព័ន្ធភស្តុភារកម្មសកល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជាមានជាអាទិ៍ (១)សុខសន្តិភាព ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងបើកទូលាយទទួលយកការបណ្តុះបណ្តាលថ្មីៗ (៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគដែលមានភាពទាក់ទាញ បត់បែន និងអនុគ្រោះ (៦) ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា និង (៧) ទីតាំងភូមិសាស្ត្រដែលមានអំណោយផលខ្ពស់។
តាមរយៈវេទិកានេះ លោក ស៊ុន ចាន់ថុល បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួម នឹងពិនិត្យលទ្ធភាពនិងឱកាសអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយបន្តនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចទីក្រុងសៀងហៃឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
ឆ្លៀតឱកាសនៃវេទិកាខាងលើ លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គួរបញ្ជាក់ថា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលរៀបចំឡើងដោយសម្ព័ន្ធភស្តុភារកម្មសកល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សហគមន៍ធុរកិច្ចដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ៕

