Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបង្កើនថវិកាបន្ថែមសម្រាប់ចំណាយលើ«ឱសថល្អៗ»ជំងឺលើសឈាមនិងទឹកនោមផ្អែមតាមមូលដ្ឋាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនថវិកាបន្ថែមប្រមាណចំនួន ១៨លានដុល្លារ ទៅលើការចំណាយទិញ«ឱសថល្អៗ»សម្រាប់មន្ទីរសុខាភិបាលតាមមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា ជាពិសេសឱសថព្យាបាល ជំងឺលើសឈាម និង ជំងឺទឹកនោមផ្អែម ដើម្បីបង្កើនការព្យាបាលដល់ប្រជាពលរដ្ឋដែលមានជំងឺនេះ កាត់បន្ថយចំណាយ ពេលវេលា និង អត្រានៃការស្លាប់។នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធី​សម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមសម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់បញ្ហាសុខភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋនៅតាមមូលដ្ឋាន ដោយរដ្ឋាភិបាលបន្តទម្លាក់ថវិកាបន្ថែមចំនួន ១៨លានដុល្លារនៅឆ្នាំ២០២៥នេះ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាម និង ជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់អាណាព្យាបាល គ្រូបង្រៀន ក្នុងការជួយណែនាំអប់រំសិស្សានុសិស្ស និង យុវជន ពីការហូបអាហារ និង ភេសជ្ជៈ ដើម្បីបង្ការការកើតជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

យោងតាមលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៅឆ្នាំ២០២៥ បានរកឃើញថា អ្នកប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមក្នុងឆ្នាំ ២០២៤ បានកើនឡើង ៥៩,១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។

ជំងឺមិនឆ្លងដូចជា ជំងឺសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរាំរ៉ៃ ពិសេសជំងឺទឹកនោមផ្អែមនេះ គឺជាឃាតករលាក់មុខដែលសម្លាប់ និងធ្វើឱ្យពលរដ្ឋខ្មែរធ្លាក់ខ្លួនពិការ។

ក្នុងឆ្នាំ២០២៥ នេះ រដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាប្រមាណ ២០លានដុល្លារ ដើម្បីជួយសង្គ្រោះអាយុជីវិតពលរដ្ឋខ្មែរ និងថា នេះជាគោលនយោបាយសុខាភិបាលរបស់រដ្ឋាភិបាលដែលគិតពីប្រយោជន៍ពលរដ្ឋជាធំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង