
ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា ជាគម្រោងជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍កោះនរាថ្មីរបស់ក្រុមហ៊ុន OCIC ។ ក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជននេះ ដោយមានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥។

គម្រោងនេះ នឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០មម ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ។

តាមការសិក្សារបស់អ្នកជំនាញ ក៏បានបញ្ជាក់ថា ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មី កោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ រយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១ លាននាក់៕


