Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមក្រៅស្រុកមួយផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន IKEA ដែលក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក។ នាឱកាសនេះ តំណាងក្រុមហ៊ុន IKEA បានបញ្ជាក់ថា នេះជាលើកទី១ដែលក្រុមហ៊ុនចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក គណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ជា វុទ្ធី បានលើកឡើងដោយសង្ខេបអំពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ លោកក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានបញ្ជាក់ថា នេះជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។

គួរបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង