
ភ្នំពេញ៖ ការនាំចេញទំនិញតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុមានការកើនឡើងប្រមាណជាង១០% នៅប៉ុន្មានខែចុងក្រោយឆ្នាំ២០២០នេះ ខណៈការនាំចូលមានការធ្លាក់ចុះ។ នេះបើតាមប្រសាសន៍ របស់លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្លែងប្រាប់ស៊ីស៊ីថាមន៍ ថ្ងៃទី២៣ តុលា ឆ្នាំ២០២០។
លោក ថៃ ឬទ្ធី បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅក្រៅប្រទេសតាមតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងប្រមាណ១០% នៅប៉ុន្មានខែចុងក្រោយនេះ ហើយទំនិញភាគច្រើនជាទំនិញសំលៀកបំពាក់ និង ផលិតផលកសិកម្ម។ ចំណែកឯការនាំចូលមកកម្ពុជាវិញមានការធ្លាក់ចុះ ប្រមាណ១១% ដោយការធ្លាក់ចុះនេះដោយសារបញ្ហាកូវីដ-១៩។
លោក ថៃ រិទ្ធី បានថ្លែងយ៉ាងដូច្នេះថា៖ « ចំពោះទំនិញនាំចេញមានការកើនឡើងប្រមាណ១០% ខណៈទំនិញនាំចូលថយចុះជាងឆ្នាំមុន គឺធ្លាក់ចុះប្រមាណជា ១១% ជាង» ។
តែយ៉ាងណាចំពោះតួលេខលំអិតលោកមិនចាំច្បាស់នោះទេ។ហើយទាក់ទងនឹងបញ្ហាកកស្ទះក្នុងការដឹកជញ្ជូនមិនមានជាបញ្ហាចោទនោះទេ ដោយសារតែការនាំចេញទៅក្រៅប្រទេសច្រើន ហើយការនាំចូលមកក្នុងប្រទេសគឺមានការថយចុះបន្តិចបន្តួច។
លោក ស៊ីន ចន្ធី ប្រធានសមាគមន៍ភស្តុភារកម្មកម្ពុជា បានយល់ស្របតាមរបាយការណ៍របស់អគ្គនាយករងកំពង់ផែស្វ័យយ័តខេត្តព្រះសីហនុដែរ។យល់ស្របដផយ លោកថា ការដឹកជញ្ជូនចេញទៅក្រៅប្រទេសនៅរយៈពេលចុងក្រោយនេះ គឺមានភាពសកម្ម ហើយទំនិញភាគច្រើនជាប្រភេទទំនិញផលិតផលសំលៀកបំពាក់កាត់ដេរ មានការនាំចេញច្រើនជាងគេ ចំណែកផលិតផលកសិកម្មឈរលើលេខរៀងទីពីរ ដែលមានការនាំចេញអង្ករជាដើម។
លោក ស៊ីន ចន្ធី បានថ្លែងថា ការកើនឡើងនេះដោយសារតែការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានកាត់បន្ថយដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។យ៉ាងណាក៏ដោយ ការដឹកជញ្ជូនតាមផ្លូវគោកក៏បានមានបញ្ហាផងដែរដោយសារគ្រោះទឹកជំនន់ ធ្វើឱ្យការដឹកជញ្ជូនមួយចំនួនរាំងស្ទះតាមច្រកព្រំដែនថៃ និងវៀតណាម។ទំនិញភាគច្រើនជា វត្ថុធាតុដើមសម្រាប់បម្រើក្នុងរោងចក្រកាត់ដេរ និងផលិតផលគ្រឿងសំណង់៕