Cctime 6monthsfree desktop
Cc times  web banner kh (2)

CDCជួបពិភាក្សាជាមួយលេខាបក្សប្រចាំក្រុងចឹងចូវ ដើម្បីពង្រឹង និងពង្រីកការវិនិយោគ និងទេសចរណ៍រវាងគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ហ៊ឺណាន៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយលេខាបក្សប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ជំនួបនេះត្រូវបានធ្វើឡើងរវាង លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក An Wei លេខាបក្សប្រចាំក្រុងចឹងចូវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តហ៊ឺណាន។

លេខាបក្សប្រចាំក្រុងចឹងចូវ បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍក្រុងចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌បុរាណ និងសហសម័យ។ មុននឹងបញ្ចប់ លោកបានបង្ហាញសុទិដ្ឋិនិយមថាដំណើរបេសកកម្មនាពេលនេះនឹងអាចទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនពីខេត្តហឺណានឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាសំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសមភាគីសម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគមកកាន់ខេត្តហ៊ឺណាន ដែលជាបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ក្រុងចឹងចូវដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៅតាមបណ្តោយទន្លេលឿងរបស់ខេត្តហ៊ឺណាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះ ជម្រាបជូនភាគីមិត្តចិនអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញគណៈប្រតិភូរដ្ឋបាលក្រុងចឹងចូវ និងតំណាងសហគ្រាសប្រចាំក្រុងចឹងចូវ ពិនិត្យលទ្ធភាពនិងឱកាសមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាដើម្បីមកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើអនុវិស័យអេឡិចត្រូនិក ដែលអាចដើរតួនាទីបំពេញបន្ថែមពីលើខ្សែច្រវាក់ផលិតកម្មដែលមានស្រាប់នៅខេត្តហ៊ឺណាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង