Cctime 6monthsfree desktop
Cc times  web banner kh (2)

គ្រឹះស្ថានបោះពុម្ពនៅឡាវ ស្នើសិទ្ធបកប្រែសៀវភៅ «អតីតកាលដ៏រីករាយ» របស់លោក ប៊ិន​ រ៉ាត់ ជាភាសាឡាវ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក ប៊ិន​ រ៉ាត់ ម្ចាស់ស្នាដៃនិពន្ធសៀវភៅ  «អតីតកាលដ៏រីករាយ»

ភ្នំពេញ៖ សៀវភៅ «អតីតកាលដ៏រីករាយ» របស់លោក ប៊ិន​ រ៉ាត់ ដែលត្រូវបានបោះពុម្ពនៅខ្មែរកាលពីឆ្នាំ២០១៩ បានទាក់ទាញចំណាប់អារម្មណ៍សិស្សនិស្សិតនៅឡាវធ្វើឱ្យគ្រឹះស្ថានបោះពុម្ពមួយនៅប្រទេសឡាវស្នើសិទ្ធបកប្រែនិងបោះពុម្ពជាភាសាឡាវដើម្បីសម្រួលដល់ការអាននិស្សិតឡាវ។ គោលដៅរបស់លោកគឺចង់ជម្រុញឱ្យយុវជនដែលមិនសូវចូលចិត្តអានសៀវភៅងាកមករកសៀវភៅ និងអ្នកដែលមានបំណងបោះបង់ការសិក្សា ងាកមកបន្តការសិក្សាឡើងវិញដើម្បីសម្រេចនូវក្តីស្រមៃនាពេលអនាគត។

លោក ប៊ិន រ៉ាត់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីថ្មីៗនេះ សៀវភៅរបស់ដែលមានចំណងជើងថា «អតីតកាលដ៏រីករាយ» ត្រូវបាននិស្សិតខ្មែរមួយរូបយកសៀវភៅនេះទៅប្រទេសឡាវ​ ដែលគាប់ជួននិស្សិតរូបនោះបានបង្ហាញទៅកាន់ម្ចាស់គ្រឹះស្ថានបោះពុម្ព​ម្នាក់​ ដែលជាអ្នករៀបចំបុណ្យសៀវភៅ(Book Festival 2025) រាល់ឆ្នាំនៅឡាវ​ ។ ក្រោយម្ចាស់គ្រឹះស្ថានរូបនេះបានអានសៀវភៅនេះ ម្ចាស់គ្រឹះស្ថានបានចាប់អារម្មណ៍នឹងសាច់រឿង និងបទពិសោធន៍របស់អ្នកនិពន្ធជាខ្លាំង និងបានសម្រេចចិត្តអញ្ជើញលោក ប៊ិន​ រ៉ាត់ ដែលជាម្ចាស់ស្នាដៃសៀវភៅនេះ ជាវាគ្មិនកិត្តិយស​ក្នុងកម្មវិធី «បុណ្យសៀវភៅ​ លេីកទី៥​» ដែលត្រូវបាននៅប្រទេសឡាវ។

ក្រោយបានជួបសំណេះសំណាលរវាង លោក ប៊ិន រ៉ាត់ និងម្ចាស់គ្រឹះស្ថានបោះពុម្ពនៅប្រទេសឡាវ បានធ្វើឱ្យគ្រឹះស្ថាននេះស្នើសិទ្ធបកប្រែសៀវភៅ «អតីតកាលដ៏រីករាយ» ពីភាសាខ្មែរទៅជាភាសាឡាវដើម្បីអាចឱ្យយុវជននៅប្រទេសឡាវអាចអានបានជាភាសារបស់ខ្លួន។ លោក ប៊ិន រ៉ាត់ បានយល់ព្រមឱ្យគ្រឹះស្ថាននេះបោះពុម្ពដោយជឿជាក់ថា ខ្លឹមសារសៀវភៅរបស់លោកនឹងអាចពង្រីកវិសាលភាពបញ្ជ្រាបមិនត្រឹមតែយុវជនខ្មែរ តែថែមទាំងមានយុវជននៅប្រទេសផ្សេងទៀតចង់ដឹងចង់លឺពីសាច់រឿងមួយនេះ។ 

សៀវភៅ «អតីតកាលដ៏រីករាយ»​​ ត្រូវបានបោះពុម្ពលេីកទី១ឆ្នាំ​ ២០១៩​ ជាប្រភេទសៀវភៅ​ពិពណ៌នា​អំពីរបៀបរបបទំនៀមទម្លាប់នៃការរស់នៅ ប្រាស្រ័យទាក់ទងគ្នារបស់អ្នកភូមិផងរបងក្បែរនាកំឡុងឆ្នាំ ១៩៩០ ។ សៀវភៅនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពអ្នកភូមិ សាគ្គីភាពនិយម នៃអ្នករស់នៅជនបទ ស្រុកស្រែចម្ការ បន្ថែមពីនេះ សៀវភៅនេះមានជាប្រភេទអត្ថបទ​ លេីកទឹកចិត្តឱ្យយុវជន​ យល់ពីតម្លៃនៃការសិក្សា​ និងងាកមកបន្តការសិក្សា​ ទៅសាលា​ និងអានសៀវភៅ​ឱ្យបានច្រេីន។ 

តាមរយៈការអានសៀវភៅនេះ អ្នកអាននឹងទទួលបាន​នូវការរម្លឹកពីអនុស្សាវរីយ៍ល្អៗ​កាលពីកុមារភាព បទពិសោធន៍ជីវិត​ ដែលពោរពេញដោយសន្តិភាពផ្លូវចិត្ត​ ចំណេះដឹងទូទៅ​ ការអប់រំ​ និងការលេីកទឹកចិត្ត​ឱ្យបន្តការសិក្សា​សម្រាប់យុវជន។ កត្តាដែលជម្រុញឱ្យលោកនិពន្ធចងក្រងជាសៀវភៅនេះឡើងដោយសារតែ លោកចង់ចែករំលែកបទពិសោធន៍ជីវិត​ដើម្បីជាការលេីកទឹកចិត្តយុវជន​ឱ្យបន្តការសិក្សា ចង់់ឱ្យមានសៀវភៅមួយដែលមានភាពសាមញ្ញ​ ងាយស្រួលអាន​ ងាយស្រួលយល់​ បង្កេីតទម្លាប់អានដល់អ្នកមិនចូលចិត្តអាន​។ គិតមកដល់ពេលនេះ សៀវភៅនេះត្រៀមបោះពុម្ពលេីកទី៣​ មាន​សរុប​ទាំង៣លេីក​ ចំនួន ៥០០០ក្បាល​។ ​

លោក ប៊ិន​ រ៉ាត់​ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួ​យ​ នៅក្រុងភ្នំពេញ និងជាម្ចាស់ស្នាដៃនិពន្ធសៀវភៅ «អតីតកាលដ៏រីករាយ»។ ក្នុងចំណោមបងប្អូនចំនួន ៨នាក់ មានលោកតែម្នាក់គត់ក្នុងគ្រួសារ ដែលមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ កាលពីថ្នាក់បឋមសិក្សា លោកបានចាប់ផ្ដើមចូលរៀនថ្នាក់បឋមនៅសាលាបឋមសិក្សាអង្គរកា បន្តទៅអនុវិទ្យាល័យអង្គព្រះស្ដេច និងបន្តថ្នាក់ វិទ្យាល័យនៅវិទ្យាល័យសម្ដេចឪ(ថ្នល់ទទឹង) ដោយស្នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនខ្មែរ(KYDC)។ ក្រោយចប់បាក់ឌុប២ឆ្នាំ ទើបលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិអន្តរជាតិសាធារណៈ នៅសាលាច្បាប់ដដែលនេះ ។

គួរបញ្ជាក់ថា លោកមានសារចែករំលែកទៅកាន់យុវជនជំនាន់ក្រោយថា «ខ្ញុំសូមផ្ដាំ​ប្អូនៗទាំងអស់គ្នាជាទីរាប់អាន​ មានតែការសិក្សាអប់រំទេ ដែលជាស្ពានចម្លង ជាក្បូនសណ្ដូន ឱ្យយើងឆ្លងផុតអវិជ្ជា​។ ខ្ញុំជឿយ៉ាងប្រាកដថា​ ចំណេះវិជ្ជា​ នឹងផ្លាស់ប្ដូរមុខមាត់​ ជីវភាពប្អូន​ គ្រួសារ និងសង្គមជាតិយេីង។ ត្រូវចាំថា​ វ័យកំពុងសិក្សា ត្រូវតែរៀន បើខ្វះលទ្ធភាពអាចសម្រាក ឬផ្អាកសិនបាន តែកុំបោះបង់ការសិក្សារៀនសូត្រឱ្យសោះ។ រៀននៅត្រង់នេះ គឺមិនមែនសំដៅតែលើរៀននៅសាលាមួយមុខនោះទេ គឺរៀនពីការងារដែលយើងកំពុងធ្វើ រៀនពីសង្គម​ និងរៀនពីសៀវភៅដែលយើងអាន។»៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង