
កំពត៖ នាពេលខាងមុខនេះ ខេត្តកំពតនឹងទទួលបាន«រោងចក្រផលិតបរិក្ខាពេទ្យ និងរោងចក្រកែច្នៃផ្លែស្វាយ» ដែលត្រូវការកម្លាំងពលកម្មប្រមាណជាង៤០០០នាក់។នេះបើយោងតាមការអះអាងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាវេទិការវាងរាជរដ្ឋាភិបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានគូសបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ខេត្តកំពតទទួលបានគម្រោងវិនិយោគសរុបប្រមាណ៣៥គម្រោងសម្រាប់ថ្នាក់ខេត្ត និង គម្រោងរដ្ឋបាលក្រុងស្រុកមាន ៧៧គម្រោង និងគម្រោងរដ្ឋបាលឃុំសង្កាត់មាន ១២គម្រោង។នាពេលខាងមុខនេះ ខេត្តកំពតនឹងទទួលបាន«រោងចក្រផលិតបរិក្ខាពេទ្យ និងរោងចក្រកែច្នៃផ្លែស្វាយ» ដែលត្រូវការកម្លាំងពលកម្មប្រមាណជាង៤០០០នាក់។
ក្រៅពីនេះ ខេត្តកំពតមានកំពង់ផែចំនួន ៥ សម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ខេត្តកំពតក៏មានកំពង់ផែទេសចរណ៍អន្តរជាតិមួយបន្ថែមទៀត ដើម្បីបម្រើទេសចរទាំងជាតិ និង អន្តរជាតិ ដោយក្នុង១ថ្ងៃៗមានទេសចរប្រមាណជាង១ពាន់នាក់ចេញទៅកម្សាន្តបណ្តាកោះនានាក្នុងខេត្ត។នេះបើយោងតាមការបញ្ជាក់បន្ថែមពី លោក ម៉ៅ ធនិន។