Cctime 6monthsfree desktop
Cc times  web banner kh (2)

កុងស៊ុលកិត្តិយសអឺរ៉ុបទាំង១១ប្រទេស ប្ដេជ្ញាទាក់ទាញអ្នកវិនិយោគពីប្រទេសខ្លួនមកកាន់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រតិភូកុងស៊ុលកិត្តិយសអឺរ៉ុបចំនួន ១១ប្រទេស ដឹកនាំដោយលោក Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ប្ដេជ្ញាបន្តខិត្តខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះមកវិនិយោគ និងធ្វើដំណើរកម្សាន្តនៅកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាងរជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៨ ខែមីនានេះ បានអនុញ្ញាតឱ្យប្រតិភូកុងស៊ុលកិត្តិយសចំនួន ១១ប្រទេស ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា។ ប្រតិភូកុងស៊ុលទាំង១១ប្រទេសនោះដឹកនាំដោយលោក Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា អមដោយកុងស៊ុលកិត្តិយលអឺរ៉ុបទាំង១០ទៀតមានដូចជា៖ អ៊ីតាលី, អាល្លឺម៉ង់, ហ្វាំឡង់, ណរវែស, អេស្ពាញ, ស៊ុអ៊ែត និងចក្រភពអង់គ្លេស ជាដើម។

នៅក្នុងឱកាសនោះ សម្ដេច ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាននៃភូបណ្តាកុងស៊ុលកិត្តិយស១១ប្រទេសដែលបានជួបសម្ដែងការគួរសម។ សម្ដេចបានរំពឹងថា តាមរយៈជំនួបនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេស១១មានភាពរីកចម្រើនបន្ថែមទៀត។

លោក Salah A Essa បានថ្លែងអំណរគុណចំពោះសម្ដេច ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យតំណាងកុងស៊ុលកិត្តិយសទាំង១១ បានជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានៅថ្ងៃនេះ ហើយបានបង្ហាញនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន និងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការវាងកម្ពុជា ជាមួយប្រទេសទាំង១១ ជាពិសេសគឺផ្តោតលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយបណ្ដាប្រទេសទាំងនោះឱ្យមានការកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានរបស់ប្រទេសកម្ពុជា ហើយសម្ដេចក៏ចង់ឱ្យបណ្ដាប្រទេសទាំង១១នោះជួយបន្ថែមទៀតដល់កម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះគឺការបណ្ដុះបណ្ដាលធនធានខួរក្បាល គឺសម្ដៅលើធនធនាមនុស្សរបស់កម្ពុជាឱ្យមានភាពល្អប្រសើរនឹងកើនឡើងបន្ថែមទៀត។

លោកបន្តថា លោកនឹងខិតខំប្រឹងប្រែងជាមួយតាំណាងកុងស៊ុលកិត្តិយសទាំង១០ប្រទេសទៀត ធ្វើយ៉ាងណាឱ្យការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជាជាមួយប្រទេសទាំង១១ មានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសលោកនឹងខិត្តខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះមកវិនិយោគ និងធ្វើដំណើរកម្សាន្តនៅកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត ហើយលោកក៏បានកោតសរសើរពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជាដែលមានកត្តាសុខសន្តិភាព និងការរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន កន្លងមក។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ក៏បានអរគុណចំពោះលោក Salah A Essaក៏ដូចជាតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ផ្សេងទៀតដែលបានវាយតម្លៃដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍និងភាពរីកចម្រើនរបស់កម្ពុជា រួមទាំងកត្តាសន្តិសុខផងដែរ ដែលសម្ដេចបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ប្រតិភូកុងស៊ុលកិត្តិយសដែលបានជួបសម្ដេចនៅក្នុងឱកាសនេះ ហើយសម្ដេចបានបញ្ជាក់ថាកម្ពុជារងចាំធ្វើការជាមួយបណ្ដាស្ថាប័នក៏ដូចជាប្រទេសទាំង១១ដើម្បីធ្វើយ៉ាងណាជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឱ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌរវាងកម្ពុជា ជាមួយបណ្ដាប្រទេសទាំង១១៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង