Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពតដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក ត្រៀមដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កំពត៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពតដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ នឹងត្រៀមដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ ការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធរណការ និងដឹកជញ្ជូន។

បើតាមសេចក្ដីប្រកាស លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) និងទីតាំងប្រារព្ធពិធី សម្រាប់ត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកក្រុមការងារពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។

ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវថ្នល់នៅក្រោយពេលសាងសង់បន្ទាប់ពីធ្វើការប្រគល់-ទទួលរួចរាល់ រក្សាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង ជាពិសេសស្វែងរកទីតាំងល្អសម្រាប់ប្រារព្ធពិធី ដែលត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលបានខិតខំបំពេញកិច្ចការងារថែទាំផ្លូវមួយខ្សែនេះដោយយកចិត្តទុកដាក់ ធ្វើឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង