
ភ្នំពេញ៖ លោករដ្ឋមន្ត្រីមហាផ្ទៃ ស សុខា នៅថ្ងៃទី ១៧ មីនានេះ បានចេញសារព្រមានទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង ចាប់ពី៣ទៅ៦ខែ រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសវិន័យ។នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យលោករដ្ឋមន្ត្រីមហាផ្ទៃ ស សុខា។
យោងតាមលោក រ៉េន រតនៈ បានគូសបញ្ជាក់ថា "ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការណែនាំឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង ចាប់ពី៣ទៅ៦ខែ រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសវិន័យ....។ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ...ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។
លោកបានលើកយកសម្តីដើមរបស់លោក ស សុខាថា «បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ...?»