
តូក្យូ៖ ផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខ ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី (Journée de la Francophonie) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅប្រទេសជប៉ុន (Conseil pour la Promotion de la Francophonie au Japon) នៅវិទ្យាស្ថានភាសាបារាំង នៃទីក្រុងតូក្យូ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ផលិតផលសក្តានុពលទាំងនោះមានដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ ជាដើម។
លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នារសៀលថ្ងៃទី១៦មីនា បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី។ព្រឹត្តិការណ៍នេះ មានរៀបចំនូវកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការចាក់បញ្ចាំងភាពយន្ត និងសកម្មភាពជំរុញពាណិជ្ជកម្មជាច្រើនទៀត ក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសក្កានុពលវិនិយោគ ដោយមានការចូលរួមពីប្រទេសប្រើប្រាស់ភាសាបារាំង ចំនួន ១៩ ប្រទេស។
លោកអនុព័ន្ធពាណិជ្ជកម្ម បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ហើយក្នុងអំឡុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ខាងមុខនេះ ពន្លាជាតិកម្ពុជា ក៏នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានា ដើម្បីលើកតម្កើងហ្វ្រង់កូហ្វូនី តាមការស្នើសុំរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។ នេះបើតានសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕

