
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំពិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព (Just Transition to Sustainable Lifestyles)”។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនូវកម្មវិធីនេះឡើង ដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារប្រកបដោយសុចរិតភាព គុណភាព និងភាពសម្បូរណ៍បែបលើផលិតផលទំនិញ និងសេវា ផ្តល់ជាជម្រើសដ៏ប្រសើរដល់អ្នកប្រើប្រាស់ដែលជាកម្លាំងចលករដ៏សំខាន់នៃការរុញច្រាន ដល់កំណើនសេដ្ឋកិច្ចសង្គម។
លោកស្រីបញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័តដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់។
លោកស្រី បានបន្ថែមថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាមួយឡើយតែជាកិច្ចការនិងជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា ហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធិទទួលបាននូវផលិតផលទំនិញ និងសេវាមានគុណភាព និងសុវត្ថិភាព ជាពិសេសយើងមានសិទ្ធិទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ និងគ្រប់គ្រាន់ព្រមទាំងមានសិទ្ធិទទួលបាននូវដំណោះស្រាយ នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់យើង ត្រូវបានបំពាន៕


