Img 1426
Swift cc time

ស្ពានចាស់ទ្រុឌទ្រោម ៥កន្លែង នៅស្រុកជលគិរី ត្រៀមកែលម្អជាថ្មី ខណៈផ្លូវថ្មភ្នំទំនប់តាកុយ គ្រោងសាងសង់ជាផ្លូវក្រាលបេតុងថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែមីនានេះ រួមដំណើរដោយ លោករដ្ឋលេខាធិការប្រចាំការ លោកអនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ ចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។

លោក ឆាយ ឫទ្ធិសែន បានពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ក្នុងនេះ រួមមាន៖ ទី១ ពិនិត្យផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែង ៤,២០គីឡូម៉ែត្រ ស្ថិតនៅលើទំនប់តាកុយ ភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសចុះពិនិត្យ លោករដ្ឋមន្ដ្រី បានណែនាំឱ្យនាយកដ្ឋានផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដាក់ផែនការសាងសង់ជាផ្លូវក្រាលបេតុង។

ចំណែក ទី២ លោករដ្ឋមន្រ្តី បានពិនិត្យផ្លូវល្បាយដីស មានប្រវែង ២៣,១ គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅដល់ភូមិដងទង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលផ្លូវនេះ មានទំហំតូចចង្អៀត និងមានការខូចខាតធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៤ ៣៤៧គ្រួសារ ពិបាកធ្វើដំណើរដឹកកសិផល និងការទទួលសេវាសាធារណៈផ្សេងៗ។ នៅលើខ្សែផ្លូវនេះ មានស្ពានចាស់ទ្រុឌទ្រោមចំនួន ៥កន្លែង ស្ពានខ្លះសាងសង់ពីឈើដែលមានសភាពទ្រុឌទ្រោមខ្លាំងប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បាន។ ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានណែនាំនាយកដ្ឋានផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដាក់ផែនការស្ថាបនាស្ពានទាំង ៥កន្លែងនេះ ជាស្ពានបេតុង ក្នុងក្របខ័ណ្ឌគម្រោងកែលម្អបណ្ដាញតភ្ជាប់ផ្លូវជនបទប្រកបដោយចីរភាព (SRCIP)៕

Khcct banner

អត្ថបទទាក់ទង