ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានឯកភាពឲ្យលើកពេលការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដើមឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា ចេញផ្សាយនៅថ្ងៃទី២២ តុលា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។
សូមរម្លឹកជូនថា រដ្ឋាភិបាលធ្លាប់បានប្រកាសចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ការលក់ផ្ទះ ដីធ្លី នឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញចំនួន២០%។ ការណ៍នេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមួយចំនួននៅកម្ពុជាសម្ដែងការស្វាគមន៍ ប៉ុន្តែអ្នកដែលរកស៊ីខាងផ្នែកអចលនទ្រព្យវិញបានសម្ដែងការត្អូញត្អែរក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។អ្នកវិភាគសេដ្ឋកិច្ចនិងអ្នករកស៊ីខាងផ្នែកអចលនទ្រព្យខ្លះយល់ស្របគ្នាថា ការយកពន្ធលើប្រាក់ចំណេញមូលធន២០%នេះ គឺជារឿងត្រឹមត្រូវ តែធ្វើមិនត្រូវពេលវេលា៕