
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក (“ក្រុមហ៊ុន ដាយគីន”) ដែលជាក្រុមហ៊ុននាំចូលម៉ាស៊ីនត្រជាក់លំដាប់អន្តរជាតិមកពីប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា ស្តីពីការប្រើប្រាស់សេវាឥណទាន BNPL (Buy Now, Pay Later) ជូនដល់អតិថិជន និងសាធារណជន សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ តាមរយៈអេស៊ីស៊ូភើអេប។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា សេវាឥណទានសម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។

លោកស្រី បានបន្ថែមថា ភាពជាដៃគូរបស់ស្ថាប័នទាំងពីរ មានគោលបំណងបង្កើនភាពងាយស្រួលជូនអតិថិជន ក្នុងការទិញផលិតផលម៉ាស៊ីនត្រជាក់ ដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ភ្លាមៗ ខណៈពេលដែលការសងត្រឡប់មកធនាគារនៅពេលក្រោយ។ សម្រាប់ជម្រើសបង់ប្រាក់ អតិថិជនអាចធ្វើការទូទាត់តាមរយៈឃ្យូអរកូដរបស់ធនាគារ អេស៊ីលីដា និងម៉ាស៊ីនឆូតកាត បានពីគ្រប់អេបធនាគារដែលជាសមាជិកបាគង (Bakong) ប័ណ្ណអេស៊ីលីដាទាំងអស់ រួមជាមួយនឹងប័ណ្ណដែលមាននិមិត្តសញ្ញា CSS និងគ្រប់ប្រភេទប័ណ្ណឥណទាន/ឥណពន្ធអន្តរជាតិ។
នៅក្នុងបទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មាន លោកស្រី សុខ សោភា បានបញ្ជាក់ថា សេវាឥណទាន BNPL នេះជាសេវាថ្មីមួយដែលត្រូវបានដាក់ឱ្យដំណើរការជាមួយដៃគូថ្មី Daikin ហើយសេវានេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ម្ចាស់អាជីវកម្ម និងអតិថិជន។ សេវានេះធ្វើឱ្យអតិថិជនមានភាពងាយស្រួល ដោយបានផ្តល់នូវរបស់ប្រើប្រាស់ដែលមានគុណភាពខ្ពស់ ហើយមិនចាំបាច់ចំណាយលុយទាំងដុំសម្រាប់ទិញ តែអាចទូទាត់មកកាន់ធនាគារ អេស៊ីលីដា វិញតាមដំណាក់កាល។ លោកស្រីក៏រំពឹងដែរថា បន្ទាប់ពីសេវានេះដាក់ឱ្យដំណើរការ ម្ចាស់អាជីវកម្មអាចនឹងលក់ផលិតផលបានច្រើនជាងមុន ហើយអតិថិជនក៏ទទួលបានរបស់ប្រើប្រាស់តាមតម្រូវការទាន់ពេលវេលា ជាពិសេសអាចសម្រួលការចំណាយក្នុងកម្រិតទាប និងជាដំណាក់កាល៕

