Cctime 6monthsfree desktop
Cc times  web banner kh (2)

មហោស្រពភាពយន្តអន្តរជាតិលើកទី១៤ នឹងចាក់បញ្ចាំងភាពយន្ត១៥១រឿង ដោយឥតគិតថ្លៃ ពីថ្ងៃទី២១-២៩ មីនា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «មហោស្រពភាពយន្តអន្តរជាតិ» ដែលជាព្រឹត្តិការណ៍វប្បធម៌អន្តរជាតិធំបំផុតនៃប្រទេសកម្ពុជា នឹងចាក់បញ្ចាំងភាពយន្ត១៥១រឿង មកពី៤១ប្រទេស ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ ខែមិនា បើកឱ្យចូលរួមដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្ដធំៗ និងទីតាំងដ៏អស្ចារ្យជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ នឹងដាក់បញ្ចូលគ្នានូវខ្សែភាពយន្តសំខាន់ៗជាច្រើន ដែលបង្ហាញពីពេលវេលាដ៏ខ្មៅងងឹតបំផុតនៃទីក្រុងភ្នំពេញ ដែលកម្មវិធីពិសេសនៅឆ្នាំនេះចំណងជើង៖ “១៩៧៥-២០២៥៖ ពីភពអន្ធការទៅរកពន្លឺក្នុងរឿងកម្ពុជា” ដើម្បីរំលឹកដល់ការចូលកាន់កាប់របស់ខ្មែរក្រហម។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នាឆ្នាំ២០២៥នេះ នឹងចាក់បញ្ចាំងខ្សែភាពយន្តមកពី ៤១ ប្រទេស តាមរយៈការជ្រើសរើសភាពយន្តចំនួន ១៥១រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៦០ រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ដែលបើកឱ្យចូលរួមដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្ដធំៗ និងទីតាំងដ៏អស្ចារ្យជាច្រើនទៀតក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Legend Olympia និង Exchange Square រោងភាពយន្ត Major Cineplex Aeon 1 និង Mean Chey វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និងរោងភាពយន្ត Fableជាដើម។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្ត ដែលទទួលបានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួររំលឹកថា «មហោស្រពភាពយន្តអន្តរជាតិកម្ពុជា» គឺជាព្រឹត្តិការណ៍ភាពយន្ត និងវប្បធម៌អន្តរជាតិដ៏ធំបំផុតរបស់កម្ពុជា។ មហោស្រពបានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១០ ដោយបានដើរតួជាកាតាលីករសម្រាប់គំនិតផ្ដួចផ្ដើមក្នុងវិស័យភាពយន្ត ដែលប្រមូលផ្តុំអ្នកចូលរួមច្រើនជាង ២ ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ មហោស្រព CIFF ក៏ដើរតួជាស្ពានតភ្ជាប់រវាងប្រទេសកម្ពុជា និងពិភពលោក តាមរយៈភាសាសកលនៃភាពយន្ត និងវប្បធម៌។ មហោស្រព CIFF ក៏ជំរុញដល់ការចរាចរនៃភាពយន្តក្នុងតំបន់ និងលើកកម្ពស់ផលិតកម្មកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង