Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារំពឹងទទួល«ទេសចរចិន»ជាង១លាននាក់ឆ្នាំ២០២៥ខណៈខែមករាកម្ពុជាទទួលជិត៧ម៉ឺននាក់កើនជាង៤៥%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។រូបភាព៖ FB Hun Dany

ភ្នំពេញ៖ ក្នុងខែ មករាឆ្នាំនេះ ភ្ញៀវទេសចរចិនមានចំនួន ៦៧៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះបើយោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជា។កំណើននេះ ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា ចាត់ទុក ជាការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំនេះ ហើយសង្ឃឹមថា តួលេខប៉ុន្មានខែបន្ទាប់ទៀតនឹងកាន់តែល្អប្រសើរ។រាជរដ្ឋាភិបាលកម្ពុជា រំពឹងទទួលបាន«ទេសចរចិន»ជាង១លាននាក់ ឆ្នាំ២០២៥។

យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា ក្នុងខែមករាឆ្នាំនេះ ភ្ញៀវទេសចរចិនមានចំនួន ៦៧៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ លោក វ៉ាង វិនប៊ីន​ (Wang Wenbin) ​បានថ្លែងចាត់ទុក ជាការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំនេះ សង្ឃឹមថាតួលេខប៉ុន្មានខែបន្ទាប់ទៀតនឹងកាន់តែល្អប្រសើរ។

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍  ពីមូលហេតុដែលនាំឱ្យមានកំណើនទេសចរចិនច្រើន ទី១-ផ្តើមពីកត្តាសុខសន្តិភាព, ទី២-ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីកម្ពុជា-ចិន , និង ទី៣-កិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ និងសុខសុវត្ថិភាព។

បើតាមលោកស្រី ហ៊ុន ដានី ទន្ទឹមនេះ ដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង២ កម្ពុជា-ចិន ពិសេសជាមួយប្រមុខការទូតចិនប្រចាំកម្ពុជា ក្រសួងរំពឹងថាភ្ញៀវទេសចរចិននឹងមានការកើនឡើងបន្ថែមទៀត ក្នុងរង្វង់ ១,១លាននៅឆ្នាំ២០២៥នេះ។បន្ថែមពីនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន តាមរយ:ការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍-វប្បធម៌រួមគ្នា ពិសេស ប្រទេសទាំងពីរនឹងរៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដើម្បីគាំទ្រនិងជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

គួរបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៤ កន្លងទៅនេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦, ៧លាននាក់ កើនលើសឆ្នាំ២០២៣ ចំនួន ២២.៩%។ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ចំនួនជាង ៨៤ម៉ឺននាក់ កើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២៣។លោកស្រី ហ៊ុន ដានី បានសង្កត់ធ្ងន់ថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានចាត់តាំងថ្នាក់ដឹកនាំរបស់ក្រសួងឱ្យទទួលបន្ទុកសម្របសម្រួលដឹកនាំ និង ជំរុញទីផ្សារទេសចរចិននៅគ្រប់គោលដៅសំខាន់ៗរបស់ចិន សំដៅទាក់ទាញទេសចរចិនឱ្យមកកាន់កម្ពុជាបានកាន់តែច្រើនឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង