ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញនូវសេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និង បំណែកសាច់សត្វបង្កក។ ការប្រកាសនេះ គឺធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពន្យារពេលរយៈពេល៦ខែ លើការហាមឃាត់ការនាំចូលសាច់បង្កក ដែលអនុវត្តចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និង បំណែកសាច់សត្វបង្កក ដែលប្រកាសដោយក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម បានផុតសុពលភាពនៅថ្ងៃទី ១២ មីនានេះ។
បើតាមគយកម្ពុជា ចាប់ពីថ្ងៃទី ១៣ មីនានេះ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញ«គ្រឿងក្នុង និង បំណែកសាច់សត្វបង្កក»ផ្តើមអនុវត្តធម្មតាឡើងវិញ តាមអនុក្រឹត្យឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីនាំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់ជាធរមាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពន្យារពេលរយៈពេល៦ខែ លើការហាមឃាត់ការនាំចូលសាច់បង្កក ដែលអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រកាសរួមគ្នានៅថ្ងៃនេះដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារឧស្សាហកម្មបសុសត្វរបស់ប្រទេស។
ការហាមឃាត់ដំបូងដែលត្រូវបានដាក់ឲ្យអនុវត្តនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃការនាំចូលសាច់ឆៅ និងសាច់បង្កក ដែលមិនមានគោលបំណងសម្រាប់ការប្រើប្រាស់របស់មនុស្សនៅក្នុងប្រទេសនាំចេញ៕
