
កែប៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជាអនុសាសន៍ដល់ម្ចាស់កសិដ្ឋាននៅខេត្តកែប ត្រូវសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងយល់ដឹងពីនីតិវិធីនាំចេញ។អនុសាសន៍នេះ ធ្វើឡើងក្នុងពេលក្រុមអ្នកជំនាញផ្នែកវិស័យកសិកម្មដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទស្សនកិច្ចតាមកសិដ្ឋានក្នុងខេត្តកែប។
ក្នុងបេសកកម្មរបស់ក្រុមមន្ត្រីជំនាញនៃក្រសួងកសិកម្ម ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប និង ចំការម្រេច សុធី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។
កសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ (Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោ។ចំណែក ចំការម្រេច សុធី ជាកន្លែងអំណោយផលដល់កសិ-ទេសចរណ៍ ក្នុងការទទួលបានដំណើរទេសចរណ៍បែបបៃតង និង ទទួលបានផលិតផលម្រេចដែលមានគុណភាព សម្រាប់ភ្ញៀវបរទេស។
ក្នុងបេសកកម្មនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និង យល់ដឹងពីនីតិវិធីនាំចេញ ធ្វើយ៉ាងណាជំរុញការនាំចេញកសិផលដែលមានស្រាប់ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសេីរដល់ម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ មានគុណភាពខ្ពស់ និង មានផែនការថែទាំត្រឹមត្រូវ សំដៅបំពេញតម្រូវការទីផ្សារអន្តរជាតិ និង បានកែច្នៃបន្ថែមក្នុងការផលិតជា តែម្រេច កាហ្វេម្រេច និងស្រាម្រេច ដេីម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។
ចុងក្រោយនៃបេសកកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យបន្តការងារនេះបន្ថែមទៀត ដោយម្រេចជាដំណាំសក្តានុពល និងជាដំណាំសម្គាល់ភូមិសាស្រ្ត ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា និងមានរបៀបនៃការធ្វើ ដោយត្រឹមត្រូវ ដេីម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់៕