
កែប៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី ១២ មីនានេះ បានថ្លែងលើកទឹកចិត្តដល់ក្រុមការងារទាំងអស់បន្តការងារថែរក្សា«ក្តាមមេមានពងក្រៅ»ឱ្យគង់វង្ស។ការណែនាំនេះ ធ្វើឡើងលោករដ្ឋមន្ត្រីអញ្ជេីញប្រលែងក្តាមមេមានពងក្រៅ នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ស្ថិតនៅខេត្តកែប។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី ១២ មីនានេះ បានរៀបចំពិធីប្រលែង«ក្តាមមេមានពងក្រៅ»នៅស្ថានីយភ្ញាស់កូន និង ថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី ឃុំព្រៃធំ សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្នុងបេសកកម្មនោះ លោករដ្ឋមន្ត្រី និង ក្រុមការងារជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម និងបានប្រលែងក្តាមមេមានពងក្រៅ។ជាលទ្ធផលនៃ បេសកកម្មនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត និង ថែរក្សាឱ្យគង់វង្សយូរអង្វែង។
យោងតាមការអះអាងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ក្នុងវិស័យជលផល ក្ដាមមេ ១ ក្បាលមានពងជាង ១ លានគ្រាប់ ហើយអត្រាញាស់ជាកូនក្ដាមបាន ៨០ ភាគរយ និង អាចរស់រានរហូតដល់ធំក្លាយជាក្ដាមជំទង់ដែលអាចបង្កាត់ពូជបានវិញនោះមានប្រមាណ ៤០ ភាគរយ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បង្កើតឱ្យមាននូវយុទ្ធនាការសង្គ្រោះមេក្តាមដែលមានពងក្រៅស្នូកដែល វាគឺជាផ្នែក ១ និងជាដំណាក់កាលទី ២ របស់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាជួយធានាផលស្តុកក្តាមក្នុងប្រទេស និង ធានាថា បរិមាណក្តាមនឹងបន្តកើនឡើងវិញ៕