Cctime 6monthsfree desktop
Cc times  web banner kh (2)

អាកាសចរណ៍ស៊ីវិលកម្ពុជាដាក់ផែនការជំរុញកំណើន«អ្នកដំណើរតាមផ្លូវអាកាស»ឱ្យបាន៧,៥លាននាក់ក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានដាក់ផែនការជំរុញការសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥ លាននាក់ និង ទំនិញចំនួន ៨០ ពាន់តោន នៅក្នុងឆ្នាំ២០២៥។ នេះជាការប្រកាសដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៤ និង លើក ទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំ២០២៥។

លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានគោលដៅជំរុញឱ្យសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧,៥ លាននាក់ និងទំនិញចំនួន ៨០ ពាន់តោន នៅក្នុងឆ្នាំ ២០២៥ ហើយនឹងបន្តជំរុញការចរចា កែសម្រួល ចុះហត្ថលេខា កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វ៊ីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស ប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និង នូវែលសេឡង់។

បើតាមលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនឹងខិតខំរៀបចំឱ្យរួចរាល់ និង ទាន់ពេលវេលា លើទិដ្ឋភាពច្បាប់ និងប ច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យសុវត្ថិភាព របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយផែនការរបស់ខ្លួន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងសម្របសម្រួល និងខិតខំផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២៥។ជំរុញឱ្យមានការហោះហើរជាតិ និងអន្តរជាតិ ជាលក្ខណៈជួល (Charter Flights) កាន់តែច្រើនឡើងថែមទៀត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បន្តខិតខំស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និង ឯកជន ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌល គិរី និងបាត់ដំបង។

បន្ថែមពីនេះ អាកាសចរណ៍ស៊ីវិលក៏មានផែនការសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ ក្រុមហ៊ុន អាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុន អាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកធ្វើដំណើរតាមផ្លូវអាកាសសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ធៀបនឹងឆ្នាំ២០២៣។ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ក្នុងឆ្នាំ២០២៤មានចំនួន ៧៧,៨ ពាន់តោន កំណើនប្រមាណ ៤០%។ ចំពោះជើងហោះហើរសរុប មាន ៥៨ ៣៥៤ ជើង មានកំណើន ១៤% ធៀបឆ្នាំ២០២៣ ដែលទទួលបានជើងហោះហើរ សរុបចំនួន ៥១ ១៤៩ ជើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង